http://scd.km.rfi.fr/sites/khmer.filesrfi/imagecache/rfi_16x9_1024_578/sites/images.rfi.fr/files/aef_image/sipri.jpg

Sipri៖ការលក់អាវុធក្នុងលោកសម្រាប់ឆ្នាំ ២០១៨ បានកើនឡើងជិត ៥%

by

នៅ​ថ្ងៃ​ចន្ទ ទី០៩ ធ្នូ វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ស្តុកខុល​ហៅ​កាត់ Sipri បាន​ផ្សព្វផ្សាយ​របាយការណ៍​ឆ្នាំ ២០១៨ ស្តីពី​ជំនួញ​អាវុធ​ក្នុង​លោក។ តាម​របាយការណ៍ ការ​លក់​អាវុធ​ក្នុង​លោក​សម្រាប់​ឆ្នាំ ២០១៨ មាន​ការ​កើន​ឡើង​ចំនួន ៤,៦% ជាមួយ​នឹង​ប្រាក់​ចំណូល​ចំនួន ៤២០ ០០០លានដុល្លារ។ ក្នុង​ចំណោម​ឧស្សាហកម្ម​អាវុធ​គ្រាក់ៗ​ទាំង ១០០ ក្នុង​លោក ឧស្សាហកម្ម​អាមេរិក រុស្ស៊ី និង​អង់គ្លេស​បន្ត​រក្សា​ចំណាត់ថ្នាក់​លេខ ១ លេខ ២ និង​លេខ ៣។ តែ​ប្រទេស​ចិន​មិន​ត្រូវ​បាន Sipri រាប់​បញ្ចូល​ក្នុង​ឧស្សាហកម្ម​អាវុធ​គ្រាក់ៗ​ទាំង ១០០ ទេ ដោយសារ​តែ​គេ​មិន​មាន​ទិន្នន័យ​គ្រប់គ្រាន់។

សម្រាប់​ឆ្នាំ ២០១៨ ឧស្សាហកម្ម​អាវុធ​អាមេរិកាំង​បាន​ស្រូប​យក​ដល់​ទៅ ៥៩% នៃ​ទីផ្សារ​អាវុធ​ក្នុង​លោក​ជាមួយ​នឹង​ប្រាក់​ចំណូល​ចំនួន ២៤៦ ០០០លានដុល្លារ ពោល​មាន​ការ​កើន​ឡើង ៧,២% បើ​ធៀប​នឹង​ឆ្នាំ ២០១៧។ នាយិកា​នៃ​កម្មវិធី​អាវុធ​របស់​វិទ្យាស្ថាន Sipri លោកស្រី Aude Fleurant បាន​បញ្ជាក់​ថា កំណើន​ខ្ពស់​នៃ​ការ​លក់​អាវុធ​អាមេរិក​នេះ​ក៏​ដោយសារ​តែ​ឧស្សាហកម្ម​អាវុធ​អាមេរិកាំង​ទទួល​បាន​ប្រយោជន៍​ពី​យុទ្ធសាស្រ្ត​របស់​រដ្ឋបាល​លោក​ដូណាល់ ត្រាំ​ដែល​ចង់​ធ្វើ​ទំនើបកម្ម​វិស័យ​ការពារជាតិ​ដើម្បី​ប្រឈម​ទប់​នឹង​ឥទ្ធិពល​របស់​ចិន និង​ប្រទេស​រុស្ស៊ី។ រស្ស៊ី​ដែល​បន្ត​រក្សា​ចំណាត់ថ្នាក់​ទី២ ដូច​ឆ្នាំ ២០១៧ ដោយ​មាន​ចំណែក​ទីផ្សារ​ចំនួន ៨,៦% បន្ត​ដោយ​អង់គ្លេស​ដែល​មាន ៨,៤% និង​ប្រទេស​បារាំង​ដែល​មាន ៥,៥%។

Almaz-Anteï ជា​ឧស្សាហកម្ម​អាវុធ​រុស្ស៊ី​ទី១ ដែល​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី៩ នៃ​ឧស្សាហកម្ម​អាវុធ​គ្រាក់ៗ​ទាំង ១០០ ក្នុង​លោក​ជាមួយ​នឹង​ប្រាក់ចំណូល ៩ ៦០០លានដុល្លារ​សម្រាប់​ឆ្នាំ ២០១៨ ពោល​កើន ១៨% បើ​ធៀប​នឹង​ឆ្នាំ ២០១៧។ កំណើន​នេះ​បាន​មក​ពី​ការ​លក់​ក្នុង​ស្រុក និង​ពី​ការ​លក់​ទៅ​ឲ្យ​ប្រទេស​ផ្សេង ពិសេស​ការ​លក់​ប្រព័ន្ធ​ការពារ​អាកាស S-៤០០។ ដោយឡែក ប្រទេស​ចិន​មិន​ត្រូវ​បាន​វិទ្យាស្ថាន Sipri រាប់​បញ្ចូល​នៅ​ក្នុង​របាយការណ៍​ទេ ដោយសារ​តែ​គ្មាន​ទិន្នន័យ​គ្រប់គ្រាន់។ តែ Sipri យល់​ថា ចិន​អាច​មាន​ឧស្សាហកម្ម​អាវុធ​ចន្លោះ​ពី ២ ទៅ ៧ ដែល​ស្ថិត​ក្នុង​ចំណោម​ឧស្សាហកម្ម​អាវុធ​គ្រាក់​ទាំង ១០០ ក្នុង​លោក។ ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ឆ្នាំ ២០១៣ ថវិកា​ការពារជាតិ​ចិន​មាន​ចំនួន ១,៩% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក។

តួកគី​ក៏​ជា​ប្រទេស​ដែល​ឧស្សាហកម្ម​អាវុធ​មាន​សុខភាព​ល្អ​ដែរ ព្រោះ​មាន​មាន​ឧស្សាហកម្ម​អាវុធ​ចំនួន​ពីរ​បាន​ស្ថិត​ក្នុងឧស្សាហកម្ម​អាវុធ​គ្រាក់ៗ​ទាំង ១០០ ក្នុង​លោក​ជាមួយ​នឹង​ប្រាក់ចំណូល ២ ៨០០លានដុល្លារ​សម្រាប់​ឆ្នាំ ២០១៨ ពោល​កើន ២២% បើ​ធៀប​នឹង​ឆ្នាំ ២០១៧។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា​តាំង​ពី​ឆ្នាំ ២០០៩ Lockheed Martin ជា​ឧស្សាហកម្ម​អាវុធ​អាមេរិកាំង​ទី១ ក្នុង​លោក​ដែល​អត្រា​លក់​មាន ១១% នៃ​ទីផ្សារ​អាវុធ​ក្នុង​លោក៕

(ព័ត៌មាន​ដកស្រង់​ពី AFP)