១ថ្ងៃមុនបុណ្យសិទ្ធិមនុស្សអន្តរជាតិ អតីតបក្សប្រឆាំងចោទរដ្ឋាភិបាលថារំលោភសិទ្ធិមនុស្ស តែមន្ត្រីរដ្ឋាភិបាលបដិសេធ
by ញឹម សុផលអតីតគណបក្សសង្គ្រោះជាតិនៅថ្ងៃចន្ទទី០៩ខែធ្នូនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ចោទប្រកាន់រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាថា បានរំលោភសិទ្ធិមនុស្ស និងបំបិទសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជា។ ការលើកឡើងរបស់អតីតបក្សប្រឆាំងដូច្នេះ គឺធ្វើឡើង១ថ្ងៃ បន្ទាប់ពីពិភពលោកប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ។ ក៏ប៉ុន្តែមន្ត្រីសិទ្ធិមនុស្សរដ្ឋាភិបាល បានច្រានចោលការចោទប្រកាន់នេះ ថាជារឿងមិនត្រឹមត្រូវ។
ទន្ទឹមគ្នានឹងធ្វើការលើកឡើងថា រដ្ឋាភិបាលកម្ពុជារំលោភសិទ្ធិមនុស្សជាមូលដ្ឋាន សេចក្តីថ្លែងការណ៍របស់អតីតគណបក្សសង្គ្រោះជាតិ ក៏បានចោទប្រកាន់ដែរថា រដ្ឋាភិបាលមានចេតនាបំបិត និងបំផ្លាញចោលនូវសិទ្ធិជាមូលដ្ឋាននេះបន្តិចម្តងៗ តាមរយៈការសម្រេចលុបចេញពីប្រតិទិនឈប់សម្រាកប្រចាំឆ្នាំ នូវថ្ងៃរំឭកខួបទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ផងដែរ។
ជាមួយគ្នានេះ អតីតគណបក្សប្រឆាំង ក៏បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជាងាកមកអនុវត្តឲ្យបានពេញលេញ នូវកាតព្វកិច្ចជាអន្តរជាតិ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សឆ្នាំ១៩៤៨ និងសិទ្ធិសញ្ញាអន្តរជាតិនានា ក្នុងការគោរព និងលើកស្ទួយសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ដើម្បីបញ្ចៀសស្ថានភាពគ្រោះថ្នាក់ដែលកម្ពុជាកំពុងប្រឈម សំដៅទៅលើ EBA និង GSP ផងដែរ។
ក៏ប៉ុន្តែ លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រតិកម្មថា កម្ពុជាបានឈានមុខគេនៅក្នុងតំបន់អាស៊ាន ក្នុងការទទួលយកកតិកា និងអនុសញ្ញាអន្តរជាតិចំនួន៩ ព្រមទាំងអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួននូវលទ្ធិប្រជាធិបតេយ្យ នីតរដ្ឋ ស្មារតីរដ្ឋធម្មនុញ្ញ ហើយចុងក្រោយនេះកម្ពុជាត្រូវបានទទួលស្គាល់ថាបានប្រឹងប្រែង ក្នុងការគោរពសិទ្ធិមនុស្ស។
តាមលោក កត្តា អ៊ន សេចក្តីថ្លែងការណ៍របស់អតីតគណបក្សសង្គ្រោះជាតិ មានចរិកញុះញង់ វាយប្រហារមកលើរដ្ឋាភិបាលកម្ពុជា ដោយយកបរិបទសិទ្ធិមនុស្សមកវាយប្រហារ ដើម្បីកេងចំណេញនយោបាយរបស់ខ្លួន ដែលស្លាប់បាត់ទៅហើយ។
សូមរំលឹកថា បញ្ហាសិទ្ធិមនុស្សនៅប្រទេសកម្ពុជានេះ បានក្លាយទៅជាប្រធានបទ ដែលសហភាពអឺរ៉ុប យកធ្វើជាលក្ខខណ្ឌ សម្រាប់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឲ្យប្រសើឡើង ខណៈប្រទេសនេះ ប្រឈមនឹងការគំរាមព្យួភាពអនុគ្រោះពន្ធពីសហភាពអឺរ៉ុប(EBA)។ ក៏ប៉ុន្តែជាញឹកញយ រដ្ឋាភិបាលកម្ពុជា តែងបញ្ជាក់ថា មិនយកអធិបតេយ្យជាតិទៅដូរ EBA ឡើយ៕