ឧត្តមសេនីយហ្រ្វង់ស័រ ឡឺគ័ង៖គ្រោះថ្នាក់ឧទ្ធម្ភាគចក្រនៅម៉ាលីមិនមែនជាស្នាដៃរបស់អង្គការរដ្ឋអ៊ីស្លាមទេ
by គួច គន្ធារ៉ានៅថ្ងៃសុក្រ ទី២៩ វិច្ឆិកា មេបញ្ជាការកងទ័ពបារាំងឧត្តមសេនីយហ្រ្វង់ស័រ ឡឺគ័ងបានបញ្ជាក់ថា ការស្លាប់ទាហានបារាំងចំនួន ១៣នាក់នៅក្នុងគ្រោះថ្នាក់ឧទ្ធម្ភាគចក្រពីរបុកគ្នានៅក្នុងប្រទេសម៉ាលីកាលពីថ្ងៃចន្ទ ទី២៥ វិច្ឆិកាមិនមែនបង្កឡើងដោយអង្គការរដ្ឋអ៊ីស្លាមទេ។ ចម្លើយរបស់ឧត្តមសេនីយហ្រ្វង់ស័រ ឡឺគ័ងដូចនេះបានធ្វើឡើងនៅក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុបារាំងអន្តរជាតិ។ គួរបញ្ជាក់ថានាថ្ងៃព្រហស្បតិ៍ ទី២៨ វិច្ឆិកា អង្គការរដ្ឋអ៊ីស្លាមបានអះអាងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ឧទ្ធម្ភាគចក្របារាំងទាំងពីរបានដឹកទ័ពបន្ថែមទៅកាន់តំបន់ប្រយុទ្ធដោយព្យាយាមចុះចតនៅកន្លែងវាយឆ្មក់ និងត្រូវបានរងការបាញ់ពីក្រុមទាហានកាលីហ្វា។ នៅពេលនោះ ឧទ្ធម្ភាគចក្រក៏ប្រញិបប្រញាប់ហោះឡើងវិញ រួចប៉ះទង្គិចគ្នាធ្លាក់តែម្តង។ សម្រាប់ឧត្តមសេនីយហ្រ្វង់ស័រ ឡឺគ័ង នេះជាព័ត៌មានមិនពិតទាល់តែសោះ និងថា កងទ័ពបារាំងនិយាយការពិត។
« ទេ គឺមិនពិតទាល់តែសោះ។ អ្វីដែលពិត តែយើងបាននិយាយរួចហើយ និងនៅក្នុងស្ថានភាពដែលយើងដឹងពេលនេះគឺថា មានការបុកគ្នារវាងឧទ្ធម្ភាគចក្រពីរនៅក្នុងប្រតិបត្តិការប្រយុទ្ធមួយដ៏ស្មុគស្មាញ។ ខ្ញុំមិននិយាយអ្វីឲ្យលើសពីព័ត៌មានដែលយើងមានក្នុងដៃទេ។ ប្រតិបត្តិការប្រយុទ្ធមួយដ៏ស្មុគស្មាញដែលតម្រូវនៅក្នុងប្រតិបត្តិការមួយ និងនៅក្នុងបរិយាកាសមួយនូវការប្រមូលផ្តុំការយកចិត្តទុកដាក់ ការថ្លឹងថ្លែងពីកម្រិតហានិភ័យ និងពីការសម្របសម្រួលមួយយ៉ាងល្អជាទីបំផុត។
ការសម្របសម្រួលនេះទៀតសោតបានជួបប្រទះនូវភាពស្មុគស្មាញដោយការប្រយុទ្ធ និងដែលបានបណ្តាលឲ្យជួបគ្រោះថ្នាក់បុកគ្នារវាងឧទ្ធម្ភាគចក្រពីរ។ តែគ្រោះថ្នាក់នេះមិនមែនបង្កឡើងដោយពួកជីហាតអង្គការរដ្ឋអ៊ីស្លាមទេ។ ផ្ទុយទៅវិញ ពួកនេះបានរងការតាមប្រម៉ាញ់របស់យើង ហើយឧទ្ធម្ភាគចក្រជួបគ្រោះថ្នាក់បុកគ្នាទាំងពីរមិនបានរងគ្រាប់កាំភ្លើងមួយគ្រាប់ណាពីពួកជីហាតឡើយ។
កងទ័ពបារាំងនិយាយការពិត។ ខ្ញុំគិតថា វាសំខាន់ខ្លាំងណាស់ដែលគេត្រូវហ៊ានអះអាងយ៉ាងដូច្នេះ។ អ្វីដែលខ្ញុំអាចធានា ធ្វើជាសាក្សីថ្ងៃនេះ និងដែលខ្ញុំនឹងមិននិយាយរឿងអ្វីដែលមិនពិតសោះនោះគឺថា គ្មានការបាញ់ពីពួកជីហាតលើឧទ្ធម្ភាគចក្ររបស់យើងទេ »៕