អាហ្វហ្កានីស្ថាន៖ពួកតាលីបង់ស្វាគមន៍ការបោះដៃរបស់លោកដូណាល់ ត្រាំដើម្បីចរចាឡើងវិញ
by គួច គន្ធារ៉ាប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានទៅទស្សនកិច្ចលើកទី១ និងភ្ញាក់ផ្អើលនៅក្នុងប្រទេសអាហ្វហ្កានីស្ថាននាថ្ងៃអង្គារ ទី២៨ វិច្ឆិកា។ នៅក្នុងពិធីប្រារព្ធបុណ្យប្រពៃណី « Thanksgiving » ជាមួយទាហានអាមេរិកាំងនៅមូលដ្ឋានទ័ពអាកាស Bagram លោកត្រាំក៏បានជួបសន្ទនាជាមួយសមភាគីអាហ្វហ្កានីស្ថានលោក Ashraf Ghani។ នាឱកាសនោះ លោកត្រាំបានប្រកាសពីការផ្តើមចរចាឡើងវិញជាមួយពួកតាលីបង់។ នៅថ្ងៃសុក្រ ទី២៩ វិច្ឆិកា ពួកតាលីបង់ក៏បានឆ្លើយត្រៀមខ្លួនដើម្បីចរចាជាមួយអាមេរិកឡើងវិញដែរ។
នេះជាលើកទី១ តាំងពីបានឡើងកាន់តំណែងប្រធានាធិបតីអាមេរិកក្នុងខែមករា ឆ្នាំ ២០១៧ ដែលលោកដូណាល់ ត្រាំបានដាក់ជើងជាន់ទឹកដីអាហ្វហ្កានីស្ថាន។ អាហ្វហ្កានីស្ថានដែលកំពុងមានទាហានអាមេរិកចំនួន ១៣ ០០០នាក់កំពុងឈរជើង។ ពិតណាស់សម្រាប់ទាហានអាមេរិកទាំង ១៣ ០០០នាក់ ទស្សនកិច្ចរបស់លោកត្រាំពេលនេះជាទស្សនកិច្ចបង្កប់ដោយនិមិត្តរូប តែសម្រាប់លោកត្រាំវិញ គឺជាទស្សនកិច្ចបង្កប់ដោយនយោបាយក្នុងសម័យឃោនាបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ ២០២០។ នៅចំពោះមុខវត្តមានទាហានអាមេរិកចំនួន ១ ៥០០នាក់នៅមូលដ្ឋានទ័ពអាកាស Bagram លោកត្រាំបានថ្លែងអំណរគុណដល់ទាហានអាមេរិក និងទាហានអាហ្វហ្កានីស្ថានចំពោះបេសកកម្មរបស់ពួកគេ។
បន្ទាប់មក លោកត្រាំដែលអង្គុយក្បែរសមភាគីអាហ្វហ្កានីស្ថានលោក Ashraf Ghani ក៏បានប្រកាសពីការបើកកិច្ចចរចាឡើងវិញជាមួយពួកតាលីបង់។ កិច្ចចរចាដែលបានព្យួរតាំងពីខែកញ្ញា។ « ពួកតាលីបង់ចង់បានកិច្ចព្រមព្រៀងមួយ យើងនឹងចាំមើល បើពួកគេពិតជាចង់បានកិច្ចព្រមព្រៀងមួយមែន។ យើងធ្លាប់បានប្រាប់ពួកគេរួចហើយថា ត្រូវមានបទឈប់បាញ់ តែពួកគេមិនព្រម។ ខ្ញុំជឿថាពេលនេះ ពួកគេចង់បានបទឈប់បាញ់ » នេះជាការថ្លែងរបស់លោកត្រាំ។ គួររម្លឹកថា វត្តមានលោកត្រាំលើទឹកដីអាហ្វហ្កានីស្ថានបានធ្វើឡើងដោយសម្ងាត់នៅពេលយប់ និងមានរយៈពេលខ្លី។ ព័ត៌មានមួយនេះបានទម្លាយជាសាធារណៈនៅពេលដែលយន្តហោះលោកត្រាំបានហោះចេញពីទឹកដីអាហ្វហ្កានីស្ថាន។
ជាថ្មីម្តងទៀត លោកត្រាំបានបញ្ជាក់ពីការកាត់បន្ថយចំនួនទាហានអាមេរិកនៅអាហ្វហ្កានីស្ថានពី ១៤ ០០០ មកនៅត្រឹម ៨ ០០០នាក់។ លោកត្រាំយល់ថា សង្រ្គាមនឹងមិនសម្រេចនៅលើសមរភូមិទេ និងថា ដរាបណាគ្មានកិច្ចព្រមព្រៀង ឬនៅមិនទាន់ទទួលជ័យជំនះទាំងស្រុងទេ ទាហានអាមេរិកបន្តស្ថិតលើទឹកដីអាហ្វហ្កានីស្ថាន។ ពួកតាលីបង់បានឆ្លើយតបនឹងលោកត្រាំវិញនៅថ្ងៃសុក្រ ទី២៩ វិច្ឆិកាថា ពួកគេបានត្រៀមខ្លួនរួចហើយដើម្បីបើកកិច្ចចរចាឡើងវិញជាមួយអាមេរិក៕